Tuesday, June 9, 2015

5 points of the cash management mistakes makes the bankruptcy business

កំហុសនៃការគ្រប់គ្រងសាច់ប្រាក់ទាំង ៥ របៀបដែលធ្វើឱ្យអាជីវកម្មត្រូវក្ស័យធន

ចំនេះដឹងខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ក្នុងអាជីវកម្ម គឺវាមានសារ:សំខាន់ស្មើរទៅនឹងចំនេះដឹងនៃការលក់ និងការគ្រប់គ្រង។ មានអាជីវកម្មមិនតិចឡើយដែលបានក្ស័យធនដោយសារតែសហគ្រិនមានការខ្វះខាតនូវចំនេះដឹងផ្នែកហិរញ្ញវត្ថុ។ សហគ្រិនមួយចំនួនធំគិតថាមានតែយុទ្ធសាស្ត្រក្នុងការលក់មួយគត់ដែលពួកគេគួរតែមានការយកចិត្តទុកដាក់ ព្រោះការលក់ជាប្រភពនៃប្រាក់ចំណូលរបស់អាជីវកម្ម ផ្ទុយមកវិញពួកគេបានធ្វេសប្រហែសអំពីការគ្រប់គ្រងសាច់ប្រាក់ដែលបានទទួលមកពីការលក់នោះ។ ការធ្វេសប្រហែសចំពោះចំនុចនេះវាពិតជាមានគ្រោះថ្នាក់ដែលនឹងនាំអាជីវកម្មឈានទៅរកភាពបរាជ័យ។ ដើម្បីទប់ស្កាត់នូវបញ្ហានេះ យើងសូមលើកយកនូវកំហុសទាំង ៥ យ៉ាងនៃការគ្រប់គ្រងសាច់ប្រាក់មកធ្វើការបរិយាយ។
ខ្វះខាតទុនសំរាប់អាជីវកម្ម
ការខ្វះទុនក្នុងអាជីវកម្មគឺជាកត្តាចំបងដែលបានធ្វើឱ្យអាជីវកម្មបរាជ័យ។ ដើម្បីជៀសវាងនូវចំនុចនេះអ្នកត្រូវប្រាកដថា អ្នកមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយសំរាប់ប្រតិបត្តិការអាជីវកម្មយ៉ាងតិចចំនួន ៦ ខែ។ កត្តាមួយទៀតគឺការគ្រប់គ្រងការចំណាយមិនមានប្រសិទ្ធិភាព។ ការគ្រប់គ្រងការចំណាយនេះគឺមានសារ:សំខាន់បំផុត ហើយបើអ្នកមានការធ្វេសប្រហែសចំពោះវាអាជីវកម្មរបស់អ្នកនឹងដួលរលំដោយមិនដឹងខ្លួនទោះបីជាអ្នកមានចំណូលពីការលក់ច្រើនយ៉ាងណាក៏ដោយ។
គ្មានរបាយការណ៏ហិរញ្ញវត្ថុត្រឹមត្រូវក្នុងការទទួលកំចី
ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនធំគិតថាការខ្ចីបំណុលមកធ្វើអាជីវកម្មគឺជារឿងមួយមិនល្អឡើយ ព្រោះពួកគាត់គិតថាបើសិនជាអាជីវកម្មរបស់ខ្លួនមានបញ្ហានោះគាត់នឹងមិនមានលទ្ធភាពសងប្រាក់ដែលខ្ចីនោះត្រលប់ទៅម្ចាស់បំណុលឡើយ។ ការគិតបែបនេះហើយដែលបានធ្វើឱ្យអាជីវកម្មដួលរលំដោយមិនមានទុនសំរាប់បង្វិល។ ផ្ទុយមកវិញសំរាប់ម្ចាស់អាជីវកម្មដែលមានការយល់ដឹងនូវចំនុចនេះតែងមានការខិតខំប្រឹងប្រែងដើម្បីបានទទួលទុនសំរាប់ធ្វើការពង្រីក និងធ្វើឱ្យមានស្ថេរភាពនៃអាជីវកម្មរបស់ខ្លួន។ ទោះបីជាយ៉ាងណាមិនប្រាកដថាអាជីវកម្មទាំងអស់សុទ្ធតែត្រូវទទួលបានកំចីឡើយ បើសិនជាពួកគេមិនមានរបាយការណ៏ហិរញ្ញវត្ថុច្បាស់លាស់នោះ។ កត្តានៃការមិនមានរបាយការណ៏ហិរញ្ញច្បាស់លាស់នេះនឹងធ្វើឱ្យពួកគេមិនអាចមានលទ្ធភាពទទួលកំចី ហើយអាជីវកម្មរបស់ពួកគេនឹងមានបញ្ហាផ្នែកហិរញ្ញវត្ថុដែលនឹងឈានទៅរកការបិទអាជីវកម្ម។
យកប្រាក់អាជីវកម្មប្រើប្រាស់ផ្ទាល់ខ្លួន
នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្មការប្រើប្រាស់មូលធនរបស់អាជីវកម្មសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួនគឺជាមហន្តរាយមួយរបស់អាជីវកម្មក្នុងពេលអនាគតដ៏ខ្លី។ អ្នកអាចធ្វើការស្រមៃមើលថាអ្នកចូលទៅកាន់ផ្សារទំនើបហើយទិញទំនិញជាច្រើនជាមួយនឹងគណនេយ្យធនាគាររបស់ក្រុមហ៊ុនអ្នក តើអ្នកគិតថាការធ្វើបែបនេះយូៗទៅអាចជួយឱ្យអាជីវកម្មរបស់អ្នករីកធំធាត់ដែរ ឫទេ។ វាច្បាស់ណាស់ថាមិនអាចរីកចំរើនបានឡើយ ហើយថែមទាំងកំពុងដើរទៅកាន់ផ្លូវមរណាទៀតផង ព្រោះថាគ្រប់ពេលដែលអ្នកប្រើប្រាស់សាច់ប្រាក់របស់ក្រុមហ៊ុន ការចំណាយនឹងមានការកើនឡើងហើយអាជីវកម្មរបស់អ្នកនឹងមិនអាចរកឃើញផលចំណេញបានឡើយព្រមជាមួយនឹងការធ្លាក់ចុះនូវមូលធនពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។
គ្មានការកត់ត្រាអំពីបំណុលរបស់អតិថិជនច្បាស់លាស់ 
ការធ្វើអាជីវកម្មគឺជៀសមិនផុតពីការឱ្យអតិថិជនជំពាក់នោះទេ។ ការឱ្យអតិថិជនជំពាក់ច្រើនពេកហើយមិនមានការកត់ត្រារច្បាស់លាស់នោះ អាជីវកម្មរបស់អ្នកនឹងនៅទ្រឹង ឫថយក្រោយដោយសារតែការលក់មានកំណើន ប៉ុន្តែមិនមានចំណូល ហើយជួនកាលខាតទៀតក៏មាន។ ដូច្នេះក្នុងនាមអ្នកជាម្ចាស់អាជីវកម្មគឺចាំបាច់ត្រូវមានការកត់ត្រារឱ្យបានច្បាស់លាស់ និងមានការរៀបចំវិធីសាស្ត្រក្នុងការទារប្រាក់នោះត្រលប់មកវិញ។
ការកំណត់ថ្លៃលក់របស់ផលិតផល ឫសេវាកម្ម
ការកំណត់ថ្លៃលក់ដែលត្រឹមត្រូវគឺពិតជាមានសារ:សំខាន់ណាស់ក្នុងអាជីវកម្ម នៅពេលដែលអ្នកធ្វើការកំណត់ថ្លៃខ្ពស់ពេកអ្នកនឹងមានការប្រឈមមុខក្នុងការបាត់បង់អតិថិជន ផ្ទុយទៅវិញនៅពេលដែលអ្នកធ្វើការកំណត់ថ្លៃទាបពេកអ្នកអាចនឹងមានការខាត ឫបាត់បង់ប្រាក់ចំណូល។ វិធីសាស្ត្រដែលអាចធ្វើការកំណត់ថ្លៃបានល្អបំផុតនោះគឺការប្រើប្រាស់របាយការណ៏ចំណាយប្រចាំខែ មកធ្វើការប្រៀបធៀបនឹងចំនួនលក់ប្រចាំខែ នោះអ្នកនឹងដឹងថាតើអ្នកគួរដាក់លក់ក្នុងតំលៃប៉ុន្មានដែលអ្នកអាចទទួលបានប្រាក់ចំណេញពីអាជីវកម្ម។
Battambang Surin 2Days 1 Night-Tour
រៀបរៀងដោយ: មហាសម្បត្តិ
ប្រភព: BUSINESSKNOWHOW
ផ្តល់សិទ្ធដោយ៖ V-shared

No comments:

Post a Comment